ហុងស៊ុយ​១០​ចំណុច​នៅក្នុង​ការិយាល័យ​

ដើម្បី​បំពេញ​ការងារ​ឱ្យ​ទទួលបាន​ផល​ល្អ ដំបូង​គេ​ត្រូវ​អាស្រ័យទៅលើ​ភាព​ឧស្សាហ៍​ព្យាយាម និង​អត់ធ្មត់ តែ​ក្រៅពីនោះ​រឿង​ហុងស៊ុយ ក៏​អាច​ជា​កត្តា​មួយ​ជួយ​ផ្ចុងផ្តើម​ការងារ​បាន​ល្អ​ដូច​គ្នា ។​ហេតុ​នេះ​ក៏​ត្រូវ​យកចិត្តទុកដាក់​ដល់​ហុងស៊ុយ​នៅ​ការិយាល័យ​ធ្វើការ​ផងដែរ ៖

អ្នកគួរគិតបន្តិចពីហុងស៊ុយនៅកន្លែងធ្វើការរបស់អ្នក ​ 

១-​ស្វែងរក​កន្លែង​តុ​ធ្វើការ​មាន​ទីតាំង​បញ្ឆិត​ទ្វារ​ចូល​ឱ្យ​បាន​ខ្លាំង​បំផុត ។ ចំពោះ​អ្នក​គ្រប់គ្រង​មុខតំណែង​ធំដុំ​នានា​ប្រការ​នេះ​ជួយ​ជំរុញ​ឱ្យ​ការងារ​ទទួលបាន​ជោគជ័យ​កាន់តែ​ងាយ​ឡើង​,​អ្នក​នៅ​ក្រោមបង្គាប់​គោរព​កោត​ខ្លាច ព្រោះ​ជា​ទីតាំង​ដែល​មាន​អំណាច​បំផុត ។ សម្រាប់ បុគ្គលិក​ធម្មតា​វិញ ទីតាំង​មួយ​នេះ​អាច​ជួយ​ឱ្យ​លោក​អ្នក​គេចផុត​ពី​ការ​កាច់​កុង​ក្នុងចំណោម​មិត្តភក្តិ​រួម​ការងារ ព្រោះ​ទីតាំង​នេះ​ពុំ​មាន​នរណា​ម្នាក់ អាច​លួច​ចាក់​ពី​ក្រោយ​បាន​ដោយសារ​លោក​អ្នក​អាច​មើលឃើញ គ្រប់ពេលវេលា ។ ​ ​

​២-​លក្ខណៈ​តុ​បំពេញការងារ គួរ​មាន​រាងរៅ​បួន​ជ្រុង​ទ្រវែង ហាម​ប្រើ​តុ​រាង​មូល ព្រោះ​តុ​ប្រភេទ​នេះ មិន​អាច​អង្គុយ​ធ្វើការ​បាន​យូរ​ទេ ។​ ​

​៣-​តុ​ធ្វើ​ការងារ​បែរមុខ​ទៅរ​កសសរគេហៅថាជ្រុងសសរពិឃាតតែអាចដោះស្រាយ ​បាន​ដោយ ស្វែងរក​រូបចម្លាក់​លិង្គ ឬ​គ្រី​ស្តាល់​នាគដាក់​តាំង​ទុក​នៅ​ខាងឆ្វេង​ដៃ​នៃ​តុ​ធ្វើការ ។ វិធី​នេះ​ក៏​អាច​ជួយ​ដោះស្រាយ​បញ្ហា​មិត្តភក្តិ​បង្ករឿង​ទៀតផង ។​ ​ ​

៤-​ការរៀបចំ​តុ​ធ្វើការ គួរ​ប្រកាន់​គោលការណ៍​ឆ្វេង​ដៃ (​នាគ​) ចាំបាច់​ត្រូវ​ខ្ពស់​ជាង​ដៃស្តាំ​(​ខ្លាស​) ។ ដូច​ជា​កញ្ចក់​ម៉ូនីទ័រ​កុំព្យូទ័រ គំនរ​ឯកសារ​ខ្ពស់​ដូច​ភ្នំ គួរ​ស្ថិតនៅ​ខាង ឆ្វេង​ដៃ ចំណែក​ឧបករណ៍ប្រើប្រាស់​ដែល មិនសូវ​ខ្ពស់ ដូចជា​ប៊ិក កែវ​ទឹក គួរ​នៅ​ខាង ស្តាំ​ដៃ ។​ ​ ​

៥-​តុ​បំពេញការងារ គួរ​ជា​តុ​ដែល​វាយ​បិទ​ជិត​ទាំង​បី​ជ្រុង ទុក​ជា​រនាំង​ការពារ​គ្រោះថ្នាក់​ជុំវិញខ្លួន​។​ ​ ​

៦-​បរិយាកាស​នៅក្នុង​បន្ទប់​បំពេញការងារ គួរ​រៀបចំ​ឱ្យ​មាន​ពន្លឺ​គ្រប់គ្រាន់​មិនមែន​ងងឹត​ដូចជា​នៅក្នុង​ល្អាង តែ​ក៏​មិនមែន​ភ្លឺចែស​រហូត​ដល់​ព្រិល​ភ្នែក​នោះ​ដែរ ។ នៅ​មាន​ចំណុច​មួយទៀត គឺ​មិន​គួរ​ដាក់​កុំព្យូទ័រ ស្ថិតនៅ​ក្បែរ​បង្អួច​ពេក​ទេ ព្រោះ​ពន្លឺ​ជះ​ចេញពី​កញ្ចក់​ម៉ូនីទ័រ និង​ចូល​ពេញភ្នែក​តែម្តង ។ ​ ​ ​
៧-​គួរ​តុបតែង​បន្ទប់​បំពេញការងារ​ដោយ​ភ្ញីផ្កា ឬ​រូបភាព​ធ្វើឱ្យ​បរិយាកាស​រួម​នៅ​ក្នុង​បន្ទប់​ពោរពេញ ទៅ​ដោយ​ភាព​ស្រស់បស់ មិន​ធ្វើឱ្យ​ធុញ​ថប់ ។ ជាងនេះទៅទៀត​ប្រសិនបើជា​រូបភាព​មើលទៅ​គួរ​ឱ្យ​អស់ សំណើច កាន់តែ​ជួយ​កាត់បន្ថយ​កម្រិត​ភាព​តប់ប្រមល់​ដោយសារ​ការងារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ។​ ​

​៨-​ស្វែងរក​កូន​ដើមឈើ​តូចៗ​មក​តាំង​លម្អ​នៅក្បែរ​កញ្ចក់​ម៉ូនីទ័រ​កុំព្យូទ័រ​ដើម្បី​ជួយ​កាត់បន្ថយ​កំហាប់ នៃ​ទីលាន​មេ​ដែក ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ដោយផ្ទាល់​តែម្តង ។ ក្រៅពីនេះ​គេ​អាចនិយាយបាន​ថា ចាំបាច់​បំផុត​គួរ​ស្វែងរក​ប្រភេទ​ដើមឈើ​ដែល​អាច​ជួយ​សម្រួល​អាកាសធាតុ​ឱ្យ​កាន់តែ​ល្អ​មក​រក្សាទុក​នៅតាម ចំណុច​ផ្សេងៗ​ក្នុង​បន្ទប់​បំពេញការងារ ។ ​ ​ ​

៩-​គួរ​ជ្រើសរើស​ប្រើ​ពណ៌​ក្នុង​បន្ទប់​ការងារ ដោយ​ប្រើ​ពណ៌​ដែល​ជួយ​សាង​តុល្យភាព​រវាង​ធាតុ​ផ្សេងៗ ដូចជា​ពណ៌​ស តំណាង​ឱ្យ​ធាតុដែក មានន័យ​ទៅដល់​ការចាប់ផ្តើម​ស្រស់បំព្រង ។ ពណ៌​ក្រហម តំណាង ធាតុ​ភ្លើង មានន័យ​ទៅដល់​ការកែសម្រួល​ពី​សកម្មភាព​មិន​ស្ពឹក​ស្រ​ពន់ តែ​រវៀសរវៃ​រហ័សរ​ហួន​គ្រប់ពេល វេលា ។ ពណ៌​លឿង​តំណាង​ធាតុដី មានន័យ​ថា ជា​ភាពឆ្លាតវាងវៃ មាន​ប្រាជ្ញា​មោះមុត ។ ពណ៌​បៃតង តំណាង​ធាតុឈើ មានន័យ​ថា ជាការ​ធំធាត់​លូតលាស់ និង​ការវិវត្តន៍ ។ ចំណែក​ពណ៌​ស្ករ ដែល​តំណាងឱ្យ​ធាតុ​ដី ដែរនោះ មានន័យ​ថា ជា​ស្ថិរភាព ។​ ​ ​

១០-​ស្គ្រីន សេ​វ័រ​(Screen Sever)​របស់​កុំព្យូទ័រ មិន​គួរ​មាន​ជ្រុង​ស្រួច តែ​គួរ​មាន​រូប​តុក្កតា ឬ​សត្វ ដែល​គួរឱ្យ​ស្រឡាញ់ ដូចជា​ត្រីមាស​ហែល​ទឹក​មាន​សកម្មភាព​រស់​រវើក​កាន់តែ​ប្រសើរ​ថែម​ទៀត ។