ក្បួន​ហុងស៊ុយ​គ្រែ​ដេក​ជួយ​រឹតចំណង​ស្នេហ៍​

ប្រសិនបើ​គូស្នេហ៍​ណាមួយ​កំពុងមាន​មន្ទិល​សង្ស័យថា ហេតុអ្វី​ក៏​ចំណង​ស្នេហ៍​របស់ ខ្លួន​មិនមាន​ភាព​ល្អូកល្អិន​និង​ស្អិតល្មួត​ដូចជា​គូស្នេហ៍​ដទៃ​នោះ អ្នក​អាច​ពិនិត្យ​រកមើល​ភាព​ចន្លោះប្រហោង​ដែល​អាច​កើតមាន​ដោយ​មិនដឹង​ខ្លួន​ ។
ខាងក្រោមនេះ​គឺជា​វិធី​ណែនាំ​តាម​ក្បួន​ហុងស៊ុយ​ដែល​អាច​ធានាបាន​ថា ប្រសិនបើ​អ្នក ប្រតិបត្តិ​បាន​ខ្ជាប់ខ្ជួន​នោះ​មនុស្ស​ជាទី​ស្រឡាញ់​របស់អ្នក​ប្រាកដជា​មិន​ចង់​ឃ្លាតឆ្ងាយ​មួយ​ជំហាន​ណាឡើយ ។​

  • នៅក្រោម​គ្រែ​ដំណេក​មិនគួរ​យក​របស់របរ​ដែល​លែង​ត្រូវការ​ប្រើប្រាស់​ទៅ​ញាត់​ទុក​នៅ​ទីនោះ​ជាដាច់ខាត ជាពិសេសរបស់របរ​បាក់បែក​គួរ​ចៀស​ឱ្យបាន ។ ក៏ប៉ុន្តែ​ប្រសិន​បើ​ស្ថិត​ក្នុងករណី​ចាំបាច់​ព្រោះ​គ្មាន​កន្លែង​ទំនេរ​ទុកដាក់​ទេនោះ​សូម​ណែនាំ​ឱ្យរក្សាទុក​តែ​របស់របរ​ថ្មីៗ​សំខាន់ៗ ដោយ​រៀបចំ​ទុកដាក់​ឱ្យមាន​របៀប​រៀបរយបំផុត ។ ប្រសិនបើ​នៅក្រោម​គ្រែ​ដេក​មាន​សភាព​ស្តុក​ពេក ឬ​រក្សា​នូវ​របស់​បាក់បែក​វា​នឹង​ធ្វើឱ្យ​គូស្នេហ៍​មាន​សុខ​ភាពមិន​រឹងមាំ ហើយ​ថែមទាំង​ឧស្សាហ៍​ឈ្លោះប្រកែក​ពាក់មុខយក្ស​ដាក់គ្នា​ទៀតផង ។​
  • នៅត្រង់​មាត់​បង្អួច​ក្នុង​បន្ទប់​ដំណេក​របស់​គូស្នេហ៍​គួរប្រើ​វាំងនន​ក្រណាត់ច្រើនជាង​វាំងនន​ជា​របាំង​ប្លា​ស្ទីក ដែល​មើលទៅ​ឃើញ​រឹង​ហួសហេតុ​ពេក​មិន​រសាត់​ប៉ើង​ទៅតាម​ខ្យល់​ដូចជា​វាំងនន​ក្រណាត់ ។ ហេតុផល​ក៏​ព្រោះ​បន្ទប់ដេក​ត្រូវការ​អ្វីៗ​ដែលទន់ភ្លន់​រលូន​មិន​ត្រូវការ​អ្វីដែល​រឹង​នោះទេ ទោះបី​មាន​សោភ័ណភាព​គាប់​ភ្នែក​ក៏ដោយចុះ ។ គេ​មានជំនឿថា ការប្រើ​វាំងនន​ក្រណាត់ជួយ​បិទបាំង នឹង​ជួយផ្តល់​សំណាងល្អ​ដល់​គូស្នេហ៍​ក្នុង​រឿង​សុភមង្គល ។​ ប្រសិនបើ​បន្ទប់​គេង​របស់​អ្នកមាន​បិទបាំង​ដោយ​កញ្ចក់​ដែល​អាច​មើលឃើញ​ទេសភាព​នៅ​ខាងក្រៅ​បាន​ច្បាស់ ហាម​រំកិល​គ្រែ​ដេក​ចូលទៅ​កៀក​នឹង​មាត់​បង្អួច​នោះ​ពេក ឬក៏​ហាម​ដាក់​ក្បែរ ទោះបី​ក្នុង​ចិត្ត​នាង​មានបំណង​ចង់​គយគន់ទេសភាព​នោះ​ក៏ដោយចុះ ។ ថាមពល​ដែល​ជះ​ចូល​ពី​ក្រៅ​មក​តាម​បង្អួច​ទោះបី​មិន​បង្ក​ផលប៉ះពាល់​ដល់គូស្នេហ៍ ឬ​ជួប​រឿងរកាំរកូស​គ្នា​ក្តី ប៉ុន្តែ​វា​ក៏​អាចធ្វើឱ្យ​ដេក​មិន​លក់​ស្កប់ស្កល់ដែរ​ជាពិសេស​មានសុបិន​អាក្រក់ៗ​ទៀតផង ។​ 
  • ពេល​មានឱកាស​បាន​ទៅ​ដើរ​ផ្សារ​គួរ​កុំ​ភ្លេច​រក​ទិញ​ថូផ្កា​មួ​យមក​រក្សាទុក​នៅក្នុង​បន្ទប់​គេង ឬ​ជា​ផើងផ្កា​ក៏​អាច​ប្រើការបាន​ដូចគ្នា ។ ក៏ប៉ុន្តែ​គួរ​ជ្រើសរើស​ផើង​ពណ៌​ស រីឯ​ផ្កា​វិញ​គួរ​មាន​ពណ៌​ក្រហម ឬ​ស៊ី​ជម្ពូ ដើម្បី​ជួយ​ពង្រឹង​ថាមពល​ស្នេហា​របស់អ្នក​ទាំងពីរ​ឱ្យមាន​ភាពរឹងមាំ ។​ 
  • ហាម​ដាក់​ក្បាល​ដំណេក​ទៅរក​បន្ទប់ទឹក​ជាដាច់ខាត ព្រោះ​អាចធ្វើឱ្យ​ថាមពល​ស្នេហ៍ ដែល​កំពុងតែ​រះ​ចិញ្ចាចចិញ្ចែង អាប់ឱន​រស្មី​បាន​យ៉ាង​ងាយ ។ នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​គូស្នេហ៍​ជួបតែ​រឿងប្រេះឆា បែកបាក់​រវាង​គ្នា​នឹង​គ្នា​មិន​ឈប់ឈរ ។​ 
  • មិនគួរ​រៀបចំ​គ្រែ​ដេក​ដែលមាន​ចុងជើង​បែរ​ទៅរក​មាត់ទ្វារ​នោះទេ ព្រោះ​វា​អាច​នាំឱ្យ​អពមង្គល​ក្នុង​ជីវិត​គូស្នេហ៍យ៉ាង​ក្រៃលែង ។ ប្រសិនបើ​ចុងជើង​បែរ​ទៅ​ចំ​មាត់ទ្វារ​នោះ​វា​នឹង​ធ្វើឱ្យ​កើតមាន​ជម្លោះ​គ្នា​នៅក្នុង​សង្គម​គ្រួសារ​សុខភាព​ចុះខ្សោយ ព្រមទាំង​កើត​ជំងឺ​ញឹកញាប់​ទៀតផង ។ សរុប​រួម​ភាពកក់ក្តៅ និង​សេចក្តីសុខ​របស់​អ្នក​ទាំងពីរ​កាន់តែ​ចុះខ្សោយ​ទៅៗ​ជា​លំដាប់ទៀតផង ។​ 
  • បញ្ហា​ផ្ទៃ​កម្រាល​បន្ទប់ដេក​ក៏មាន​ទំនាក់ទំនង​គ្នា​ជាមួយនឹង​ជីវិត​រស់នៅ​ផងដែរ ។ ផ្ទៃ​កម្រាលប​ន្ទ​ប់​គួរ​មាន​លក្ខណៈរាបស្មើ​មាន​ក្បួ​រ​ក្បាច់​គួរឱ្យ​ចង់​គយគន់​។ ក៏ប៉ុន្តែ​ប្រសិនបើ​​មាន​ពណ៌​លាត​កាន់តែ​ប្រសើរ ប៉ុន្តែ​ហាម​ជ្រើស​រើសយក​ព្រំ​បែប​ក្រឡាក្បាច់​ខ្វាត់ខ្វែងគួរឱ្យ​ចង់​វិលមុខ ព្រោះ​មិនអាច​ធ្វើឱ្យ​ស្នេហា​របស់​អ្នក​ជួបនឹង​ភាព​ស្រណុក​ស្រួល​ដូច​បំណង​ឡើយ ។​ 
  • ហាម​ប្រើ​ភួយ​ពណ៌​ស​នៅក្នុង​បន្ទប់ដេក ព្រោះ​ភួយ​ពណ៌​ស​នេះ ប្រសិនបើ​យកមកប្រើ​ដណ្តប់​រាងកាយ​ប្រៀបដូចជាសញ្ញា​នៃ​មនុស្ស​ស្លាប់ ។ 
  • កម្រាលពូក​ពណ៌​ស ទោះបី​មើលឃើញថា វា​ស្អាត​និង​មាន​អនាម័យ​ក្តី​តែ​មិន​ស័ក្តិសម​នឹង​យកមកប្រើ​នៅទី​ដំណេក​នោះឡើយ ព្រោះ​ពណ៌​ស​នេះ​វា​ធ្វើឱ្យ​ថាមពល​នៃ​ក្តី​ស្រឡាញ់​របស់​អ្នក​បែក​ខ្ចាត់ខ្ចាយ​គួរ​ជ្រើស​រើសយក​ពណ៌​ដទៃ​ពីនេះទើប​ប្រសើរ​៕